3 John

1ខ្ញុំជា​ចាស់ទុំ​ជូន​ចំពោះ​លោក​កៃយុស​ជា​ទី​ស្រលាញ់ដែលខ្ញុំស្រលាញ់នៅក្នុងសេចក្ដីពិត 2ប្អូនជាទី​ស្រលាញ់អើយ! ​ខ្ញុំ​អធិស្ឋានសូមឲ្យអ្នក​បាន​ចម្រើនឡើង​ក្នុង​គ្រប់​ការ​ទាំងអស់ហើយ​ឲ្យ​មាន​សុខភាពល្អដូច​ជា​ព្រលឹង​របស់​អ្នក​បាន​ចម្រើនឡើងដែរ 3ខ្ញុំត្រេកអរខ្លាំងណាស់ព្រោះ​មាន​បងប្អូនមកធ្វើបន្ទាល់​អំពី​អ្នក​ថា​បាន​នៅក្នុង​សេចក្ដីពិតដូចដែលអ្នក​កំពុង​ប្រព្រឹត្ដតាមសេចក្ដីពិត​នោះ​ហើយ។ 4ខ្ញុំគ្មាន​អំណរ​ណា​លើសជាង​សេចក្ដី​ទាំងនេះទេគឺ​ដោយ​ខ្ញុំ​បាន​​ថា​កូនៗរបស់ខ្ញុំ​កំពុង​ប្រព្រឹត្ដតាមសេចក្ដីពិត 5ប្អូនជា​ទីស្រលាញ់អើយ! ​អ្វីៗដែល​អ្នក​បាន​ធ្វើសម្រាប់​ពួក​បងប្អូននិង​សម្រាប់​អ្នក​ក្រៅ​គឺ​​​អ្នក​​បានធ្វើ​ដោយ​ស្មោះត្រង់ 6ហើយពួកគេ​បាន​ធ្វើបន្ទាល់​អំពី​សេចក្ដីស្រលាញ់​របស់​អ្នកនៅចំពោះមុខក្រុមជំនុំ។ ​ពេល​អ្នក​ជូនដំណើរពួកគេបន្ដទៀត​តាម​បែប​ស័ក្ដិសម​នឹង​ព្រះជាម្ចាស់​នោះ​អ្នក​ធ្វើល្អហើយ 7ដ្បិតគេ​បាន​ចេញទៅ​ដោយព្រោះ​ព្រះ​នាម​របស់​ព្រះអង្គ​ហើយ​គេ​ពុំ​បាន​ទទួល​អ្វី​ពីសាសន៍ដទៃឡើយ 8ដូច្នេះយើងត្រូវជួយ​ទំនុក​បម្រុង​មនុស្ស​បែបនេះដើម្បី​ឲ្យ​យើង​ត្រលប់ជា​អ្នក​រួមការងារ​សម្រាប់​សេចក្ដីពិត 9ខ្ញុំបាន​សរសេរ​សេចក្ដី​ខ្លះ​ជូន​ក្រុមជំនុំប៉ុន្ដែ​លោក​ឌីអូត្រេពដែលចូលចិត្ដ​ធ្វើជា​អ្នកធំ​ក្នុងចំណោម​ពួកគេ​គាត់​មិនទទួលយើងទេ 10ដូច្នេះពេល​ខ្ញុំ​មកដល់ខ្ញុំនឹងរំឭក​ពី​ការដែល​គាត់​ធ្វើ​គាត់​ចេះតែ​និយាយអំ​ពីយើងដោយ​ពាក្យ​អាក្រក់ហើយប៉ុណ្ណឹងមិនស្កប់ចិត្ដទេគាត់ថែម​ទាំង​មិនទទួលបងប្អូនហើយហាមឃាត់​អស់​អ្នក​ដែល​ចង់​ទទួល​ទាំងបណ្ដេញ​ពួកគេ​ចេញពីក្រុមជំនុំ​ទៀត​ផង 11ប្អូនជា​ទីស្រលាញ់អើយ​!​​ចូរ​ត្រាប់តាមសេចក្ដីល្អកុំ​ឲ្យ​ត្រាប់​តាម​សេចក្ដី​អាក្រក់ឡើយអ្នក​ដែល​ប្រព្រឹត្ដល្អ​អ្នកនោះ​មកពីព្រះជាម្ចាស់​ហើយ​រីឯ​អ្នក​ដែល​ប្រព្រឹត្ដអាក្រក់​វិញ​អ្នកនោះ​មិន​បាន​ឃើញព្រះជាម្ចាស់ឡើយ 12មនុស្សទាំងអស់ព្រមទាំងសេចក្ដីពិត​ក៏​ធ្វើបន្ទាល់​ល្អៗ​ពី​លោក​ដេមេទ្រាសរីឯយើងវិញក៏ធ្វើបន្ទាល់ដែរហើយ​អ្នក​ក៏​ដឹងដែរថាសេចក្ដីបន្ទាល់​របស់​យើងជា​ពិត។ 13ខ្ញុំមាន​សេចក្ដី​ជាច្រើន​ដែល​ត្រូវ​សរសេរ​មក​អ្នកប៉ុន្ដែ​ខ្ញុំ​មិនចង់សរសេរដោយស្លាបប៉ាកកានិងទឹកខ្មៅ​នោះ​ទេ 14ព្រោះខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ជួបអ្នកឆាប់ៗនេះហើយនិយាយដោយផ្ទាល់មាត់ 15សូមឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដីសុខសាន្ដ។ ​មិត្ដសម្លាញ់​ដែល​នៅទីនេះ​ក៏​ជម្រាបសួរ​មក​អ្នក​ដែរ​សូម​ជម្រាប​សួរ​ដល់​មិត្ដសម្លាញ់​ដែល​នៅទីនោះ​តាមឈ្មោះផង
Copyright information for KhmKCB